នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ លោកជំទាវវេជ្ជបណ្ដិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ២០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)។ ចំណែករាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន ៖ ១.មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ២.មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ៣.មន្ទីរសុខាភិបាលខេត្តបាត់ដំបង ៤.មន្ទីរសុខាភិបាលខេត្តកំពង់ចាម ៥.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ៦.មន្ទីរសុខាភិបាលខេត្តកំពង់ធំ ៧.មន្ទីរសុខាភិបាលខេត្តកំពត ៨.មន្ទីរសុខាភិបាលខេត្តកណ្តាល ៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង ១០.មន្ទីរសុខាភិបាលខេត្តសៀមរាម ១១.មន្ទីរសុខាភិបាលខេត្តតាកែវ ១២.មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ១៣.និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។ រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានី-ខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។