នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ចឹងបេីកការដ្ឋានសាងសង់ផ្លូវបេតុង៦ខ្សែ ស្ថិតក្នុងក្រុងកំពត ខេត្កំពត។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពនានាជុំវិញខ្លួន អជ្ញាធរក្រុង សង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមជាច្រើននាក់ទៀត។
មានប្រសាសន៍នៅក្នុងពិធីនារសៀលនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងកំពត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ។
សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងរយៈពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់ ចេញពីកត្តាសុខសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម យើងមិនអាចដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះទេ ពិសេសក៏មិនអាចរៀបចំធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ បានដែរ សន្តិភាពដែលយើងកំពុងមាននាពេលនេះ គឺបានមកដោយសារការលះបង់អាយុជីវិតរបស់អ្នក ស្នេហាជាតិ ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃសន្តិភាព ដូច្នេះសូមបងប្អូន ទាំងអស់គ្នា ត្រូវចូលរួមការពារសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយ។
ការបើកការដ្ឋានស្ថាបនាផ្លូវ៦គម្រោងនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបការ លំបាក ម៉្យាងវិញទៀតក៏ជាការចូលរួមចំណែកកែលម្អសោភ័ណភាពក្នុងក្រុងកំពតរបស់យើងផងដែរ។
នាពេល ថ្មីៗនេះ រដ្ឋបាលខេត្ត តែងបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍក្នុងខេត្តជាបន្តបន្ទាប់ តាមដំណាក់កាលនីមួយៗ ដូចជាការកែលម្អសោភ័ណភាពទីក្រុងកំពត ដើម្បីឱ្យក្លាយជាទីក្រុងដ៏ស្រស់បំព្រងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកស្នាក់នៅ និងទស្សនាកំសាន្ត។