មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យដ៏ធំមួយទៀតបន្ទាប់ពី មន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែល បានសាងសង់ឡើងក្រោមជំនួយឥតសំណង់ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមនិតចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការ នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមនន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អគារនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានតម្លៃជាង៨៥លានដុល្លារអាម៉េរិក ក្រោមជំយឥសំណងរបស់រដ្ឋាភិបាល នៃសាធាណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដែលបានកើតចេញពីផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលបានលើកកម្ពស់ដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានឈ្មោះថា ជាមិត្តដែកថែប ។ សម្តេចតេជោបន្តថា អ្វីៗដែលកើតចេញជារូបរាងនាពេលនេះ វាផ្ដើមចេញពីកិច្ចសហប្រតិបត្តិការការទុកចិត្តគ្នា និងការជួយគ្នា ពីសំណាក់សាធារណរដ្ឋប្រជាមានិតចិនមកកាន់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរ ចំពោះបក្ស និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍកម្ពុជា។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨ដោយចំណាយពេល៣៩ខែ។ អគារមន្ទីរ ពេទ្យថ្មីនេះត្រូវបានសាងសង់លើទំហំដីជាង១៣ ពាន់ម៉ែត្រក្រឡាមានកម្ពស់ ១១ជាន់ ជាមួយប្រវែង៥៣ម៉ែត្រ។ចែកចេញជាផ្នែកពិគ្រោះ ជំងឺក្រៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភពរោគស្ត្រីព្រមទាំងសេវាជំនួយផ្សេងៗទៀត។ជាងនេះទៀតមន្ទីរពេទ្យបានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ មានគ្រែ សម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ ហើយក្នុងមន្ទីរពេទ្យនេះ ក៏មានកន្លែង ព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ដែលព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់ តែម្តង។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាគេស្គាល់ថាជាមន្ទីរពេទ្យ ផ្នែក ឆ្អឹងតាំងពីដើមមកនោះ នៅពេលនេះត្រូវបានធ្វើទំនើបកម្មកាន់តែខ្លាំងបន្ថែមលើជំនាញ វះកាត់ជាមួយឧបករណ៍វេជ្ជសាស្ត្រដែលប្រើបច្ចេកវិទ្យាចុងក្រោយកម្រិតអន្តរជាតិ។ ក្នុង មន្ទីរពេទ្យក៏ត្រូវបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់ការថត សម្រាប់ការ ធ្វើរោគវិនិច្ឆ័យ ដែលជាផ្នែកដ៏សំខាន់សម្រាប់គាំទ្រដល់ការព្យាបាល។ មន្ទីរពេទ្យនេះ មាន បន្ទប់វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់ បេះដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រងនោម និងថ្លើមជាដើម។ល។ មន្ទីរ ពេទ្យនេះត្រូវបានរៀបចំឡើង ដោយស្របតាមនិយាមអន្តរជាតិ ពោលមន្ទីរពេទ្យទំនើបៗ នៅលើពិភពលោកបំពាក់ឧបករណ៍វេជ្ជសាស្ត្រអ្វី ក៏ក្នុងមន្ទីរពេទ្យនេះមានដូចគ្នាផងដែរ៕