នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ក្នុងប្រជុំពិភាក្សា ជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោកនៃទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានដឹកនាំដោយលោកវេជ្ជបណ្ឌិត ប៉េដ្រូ អេឡនសូ (Dr. Pedro Alonso, Director, Global Malaria Programme, WHO Headquarter, Geneva) អមដំណើរដោយមន្ត្រី និងទីប្រឹក្សាបច្ចេកទេសអង្គការសុខភាពពិភពលោកនៃទីស្នាក់ការកណ្តាល ថ្នាក់តំបន់, និងនៅប្រទេសកម្ពុជាផងដែរ។
កិច្ចប្រជុំបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្ដោតកិច្ចពិភាក្សា ទៅលើចំណុចសំខាន់ៗដូចជា ៖
-បន្តយកចិត្តទុកដាក់កាត់បន្ថយជំងឺគ្រុនចាញ់ទាំងប្រភេទហ្វាល់ស៊ីប៉ារ៉ូម និងប្រភេទវីវ៉ាក់ ជាក់ស្តែងយើងកត់សម្គាល់ឃើញថា ចំនួនករណីអត្រាឈឺជំងឺគ្រុនចាញ់បានបង្ហាញថា មានការបន្ថយរហូតដល់ ៩៧,៥% ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ ចំពោះជំហានចុងក្រោយនៃការលុបបំបាត់ជំងឺគ្រុនចាញ់ គឺជាដំណាក់កាលដ៏សំខាន់បំផុត នៅក្នុងការសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ និងការរក្សានិរន្តនភាពកុំឱ្យមានការកកើតឡើងវិញនូវជំងឺគ្រុនចាញ់នៅតាមតំបន់គ្រុនចាញ់ដែលមានមុនពេលអនុវត្តកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ផង។
-បន្តកាត់បន្ថយតំបន់ឆ្លងជំងឺគ្រុនចាញ់នៅក្នុងប្រទេស៖ ដោយកាត់បន្ថយករណីឆ្លង និងករណីឈឺជំងឺគ្រុនចាញ់ រហូតដល់មានការរាយការណ៍ថា គ្មានករណីឈឺគ្រុនចាញ់ (Zero case) តាមរយៈការពង្រឹងការងារនេះនៅតាមមូលដ្ឋាននៃតំបន់ដែលមានគ្រុនចាញ់បន្ថែមទៀត និងប្រើប្រាស់ប្រព័ន្ធតាមដានឃ្លាំមើល (MIS) ដែលជួយសម្រួលដល់ការងារ ប្រមូល និងបញ្ចូលទិន្នន័យឱ្យបានទាន់ពេលវេលា។
លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងនៃកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា លោកជំទាវបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើម និងអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥ ដែលយុទ្ធសាស្ត្រជាតិនេះ ត្រូវបានយកមកប្រើប្រាស់ និងដាក់ចេញនូវសកម្មភាព និងគោលការណ៍ណែនាំផ្សេងៗ សំដៅជម្រុញការងារលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងសកម្ម សម្រាប់ក្រុមការងារ ដៃគូ និងភ្នាក់ងារផ្តល់មូលនិធិនានា។ ជាលទ្ធផលរយៈពេល១០ឆ្នាំ នៃការអនុវត្តន៍យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ កន្លងមកនេះឃើញថា សូចនាករអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ត្រូវបានបញ្ចប់ គឺគ្មានអ្នកស្លាប់ដោយជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក នេះសបញ្ជាក់ថា កម្ពុជាសម្រេចបានជោគជ័យ ០៣ឆ្នាំ មុនគោលដៅកំណត់។ ចំពោះសូចនាករ ការគ្មានជំងឺគ្រុនចាញ់ (Zero malaria) ក្នុងឆ្នាំ២០២៥ ក៏ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងរួមគ្នាជាបន្តទៀតដោយមិនបន្ធូរដៃ នៅក្នុងដំណាក់កាលចុងក្រោយដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ។