ខេត្តកណ្តាល៖ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ២០២២ របស់រដ្ឋបាលខេត្តកណ្តាលនាពេលនេះជាការឆ្លុះបញ្ចាំងអោយឃើញពីស្នាដៃ លទ្ធផលការងារគ្រប់គ្រងតាមបណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា៖ អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តដោយផ្តោតលើវិធានការទប់ស្កាត់បទល្មើសនានា និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំសង្កាត់។ ឯកឧត្តមបន្ថែមថា៖ ដោយឡែកការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមានកិច្ចសហការ ពីរមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុង-ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។ក្នុងនោះអនុវត្តតាមយុទ្ធនាការជាតិចាក់វ៉ាក់សាំង រដ្ឋបាលខេត្តកណ្ដាល សម្រេចបានលទ្ធផលចាក់ ជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដូចជា៖ - អាយុ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាក់បាន ១០៨.៨៧ % ធៀបនឹងគោលដៅ ១៤៣,៨៥៩ នាក់ អាយុ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ចាក់បាន ១២២.៩៦% ធៀបនឹងគោលដៅ ១៣៤,៧៦៨ នាក់ ការពារ អាយុ១៨ឆ្នាំឡើង ចាក់បាន ១០២.៧៤% ធៀបនឹងគោលដៅ ៨៦៥,៩១៥ នាក់ - អាយុ ០៥ ឆ្នាំ ចាក់បាន ១៤៣.១៧% ធៀបនឹងគោលដៅ ២២,០០០ នាក់ អាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ចាក់បាន ៥៩.២៩% ធៀបគោលដៅ ៤៤,០៩៦នាក់ - ចាក់ដូសជម្រុញ ឬដូសទី៣ ចាប់ពីអាយុ០៦ឆ្នាំឡើង ចាក់បាន ៦២.៦៨% ធៀបគោលដៅ ៨៦៥,៩១៥ នាក់ - ចាក់ដូសទី៤ អាយុចាប់ពី១៨ឆ្នាំឡើង សរុបចំនួន ២៨,៩៧៩ នាក់ ដើម្បីឆ្លើយតបនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ នានា ក្នុងនោះមានកម្មវិធីជំនួយសង្គម ដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះ ពាល់ដោយជំងឺកូវីដ-១៩ មានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ការផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩, ការបើកផ្ដល់សាច់ប្រាក់កម្មវិធី ជំនួយសង្គមក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារ ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព គ្រួសារឆ្លងជំងឺកូវីដ -១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់អោយបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលកណ្តាល សម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសូមអោយសមាជិក សមាជិការក្នុងអង្គសន្និបាតទាំងមូល ប្រកាន់អោយបានខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសការពាក់ម៉ាសអោយបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយសាប៊ូ-អាកុលអោយបានញឹកញាប់ ។ ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ-១៩ សូមប្រញាប់ ទាក់ទងជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនេះ ដើម្បីត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ ១៩ ។