នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងសហការី បានអញ្ជើញធ្វើទស្សនកិច្ចនៅស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរសុខា ក្រុងព្រះសីហនុ ដើម្បីពិនិត្យ និងស្វែងយល់ពីដំណើរការដកយកកាកសំណល់ ភាគល្អិត និងសម្លាប់មេរោគ ព្រមទាំងបាក់តេរីផ្សេងៗ ដែលធ្វើឱ្យទឹកមានសុវត្ថិភាព មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ តាមរយៈការស្តារ និងកសាងស្ថានីយប្រព្រឹត្តកម្មកខ្វក់ពិតជាបានផ្តល់ជាដំណោះស្រាយ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងចាំបាច់ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ សូមជម្រាបជូនថា ខេត្តព្រះសីហនុ បានកសាងស្ថានីយ៍ប្រព្រឹត្តកម្មកខ្វក់ ចំនួន២រួចរាល់ហើយ ដែលសព្វថ្ងៃកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធទឹកនៅទីក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ស្ថានីយ៍ប្រព្រឹត្តកម្មកខ្វក់ ទី៣ ក៏បាន និងកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ។ សមិទ្ធផលទាំងអស់នេះ គឺជាផ្នែកមួយក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀតរួមមាន ហេដ្ឋារចនា សម្ព័ន្ធ ផ្លូវថ្នល់ សំណង់អគារ និងសណ្ឋាគារប្រណិតៗ ដែលបាន និងកំពុងលេចឡើងជាបន្តបន្ទាប់នៅក្នុងទឹកដីខេត្តព្រះសីហនុ «តារារះនាទិសនារតី» នៃព្រះរាជាណាចក្រម្ពុជា។ ទន្ទឹមនឹងនេះ ការរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រងអនាម័យ ក្នុងក្រុង និងតាមតំបន់ឆ្នេរសមុទ្រ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តព្រះសីហនុ។ បន្ទាប់មកប្រតិភូក៏បានអញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ រួចបន្តទៅទីតាំងសិលាបណ្តាសា ដើមឈើចាំស្នេហ៍ ខ្មែរធ្វើបាន និងរង្វង់មូលព្រះសិវៈផងដែរ។