រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គណៈប្រតិភូទេសចរណ៍អាស៊ាន អញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូប នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ និងជាប្រធានវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ឯកឧត្តម លីម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ព្រមទាំង រដ្ឋមន្ត្រីតំណាងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត អង្គការ សមាគម ក្លឹបឆ្នេរសមុទ្រ និងប្រតិភូអមដំណើរ ជាច្រើនរូបទៀត បានអញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូប នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះ សម្រាប់រៀបចំ "វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២” ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាគ្រប់គ្រងបាននូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្ដម បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូដ៏ស្អិតរមួត ទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី និងតំបន់។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា មិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងបន្តរីកលូតលាស់ រឹងមាំ ស្ថិតស្ថេរយូរអង្វែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នាក្នុងតំបន់អាស៊ាន និងសកលលោក ក៏ដូចជាការរួមគ្នាដោះស្រាយនូវវិបត្តិនានា ដែលបាននឹងកំពុងប្រឈមផងដែរ។ ចាប់ពីកម្ពុជាប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅខេត្តព្រះសីហនុ។ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយប្រជាពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើក និងកំពុងដំណើរការចាក់ដូសទី៣ ឬដូសជម្រុញ សម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាព នៃយន្តការពហុភាគីនិយម ក្នុងការផ្លាស់ប្តូរគំនិតយោបល់ ព័ត៌មានល្អៗ ដើម្បីជំរុញ និងអភិវឌ្ឍសម្បទាទេសចរណ៍ និងការផ្លាស់ប្តូរភ្ញៀវទេសចរអាស៊ាន ប្រកបដោយគុណភាព សុវត្ថិភាព ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្ត បានជ្រើសរើសយកដើមស្ងាវ ជាប្រភេទដើមឈើម្យ៉ាងដុះលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលីខាងជើង និងតាមបណ្តាកោះនានាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយដើមស្ងាវមានកំពស់ចន្លោះពី ៦ ទៅ ៣៥ម៉ែត្រ និងខ្ពស់បំផុត៦០ម៉ែត្រ ហើយលូតលាស់ប្រមាណ ២ម៉ែត្រក្នុង១ឆ្នាំ។ ដើមស្ងាវជួយរក្សាស្ថិរភាព និងគុណភាពដីខ្សាច់ មានការលូតលាស់ល្អ និងមានភាពធន់ ជារបាំងខ្យល់ព្យុះ ទប់ទល់ការហូរច្រោះខ្សាច់នៅតាមឆ្នេរ កាត់បន្ថយសំណឹកដីខ្សាច់់ពីកម្លាំងខ្យល់ ទឹកហូរ ឬរលកសមុទ្រ ធន់នឹងកម្លាំងខ្យល់បក់ និងជួយរក្សាតុល្យភាពអាសូតក្នុងបរិយាកាស។ តាងនាមឱ្យរដ្ឋបាលខេត្ត យើងខ្ញុំនឹងខិតខំថែរក្សានូវនិមិត្តរូបមួយនេះ ឱ្យបានស្ថិតស្ថេរ គង់វង្សជាអមតៈ និងប្រែក្លាយទីនេះឱ្យទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់របស់ខេត្ត និងប្រែក្លាយជាកាលានុវត្តភាពទេសចរណ៍មួយដ៏សំខាន់ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន សម្រាប់ទសវត្សរ៍ថ្មីនេះ។





 

Previous Post Next Post