រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ



នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ 

នៅក្នុងជំនួបនោះ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះមកការអភិវឌ្ឍន៍រីកចម្រើន។ ឯកឧត្តមបានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឯកឧត្តមឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញមានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំងផងដែរ។ ឯកឧត្តមក៏បានសំដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យលើគ្រប់វិស័យទាំងកិច្ចប្រជុំអាសុីអឺរ៉ុបថ្មីៗនេះ និងការទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ក្នុងន័យនេះឯកឧត្តមក៏បានសម្ដែងនៅការគាំទ្រ នឹងសន្យាសហការជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ានឲ្យទទួលបានភាពជោគជ័យ។ ឯកឧត្តមក៏បានលើកឡើងពីអតីតកាលដែលព្រះរាជាណាចក្រកម្ពុជា និងឡាវមានទំនាក់ទំនងជាមិត្តភាព ជាបងប្អូន ជាវប្បធម៌ប្រពៃណី ជាយូរលង់ណាស់មកហើយ ហើយជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជា និងឡាវពិតជាមានការប្រែប្រួលមែន ក៏ប៉ុន្តែទឹកចិត្តប្រជាជន និងប្រជាជននៅមានដដែល។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បានស្នើសុំសម្ដេចតេជោ ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ  ៖ 

ទី១)បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក 

ទី២)បន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ 

ទី៣)ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់

ទី៤)ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច

ទី៥)ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ

ទី៧)ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ

ទី៨) ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ និងគាំទ្រកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបកន្លងនេះ ដែលធ្វើឱ្យកម្ពុជាបានទទួលជោគជ័យនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ។ សម្ដេចតេជោបានក៏បានគាំទ្រចំណុចទាំង៨ដែល ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ បានលើកឡើង។  ទាក់ទងទៅនឹងវិស័យទេសចរណ៍សម្ដេចតេជោបានស្នើសុំឲ្យ ឯកឧត្តម វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។ ដោយឡែកទាក់ទងទៅនឹងវិស័យវិនិយោគ សម្ដេចតេជោ បានគាំទ្រលើវិស័យនេះ ហើយជំរុញឲ្យធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគនៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ៕




Previous Post Next Post