រាជធានីភ្នំពេញ៖ សំណង់មិនរៀបរយ ស្ថិតនៅតាមផ្លូវរថភ្លើង នៅខាងកើតវត្ត ទួលសុវណ្ណរាម ហៅវត្ត ទួលសង្កែ ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយផ្ទះ ធ្វើពីឈើ ប្រក់ស័ង្កសី ចំនួន ៥ខ្នង ត្រូវភ្លើង ឆាបឆេះអស់ គ្មានសល់ រួមជាមួយសម្ភារៈជាច្រើនទៀត។ គ្រោះអគ្គិភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៧ និង ៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចតាមផ្លូវរថភ្លើង ក្នុងក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ផ្ទះដែលជាដើមភ្លើង ត្រូវបាននគរបាល អោយដឹងថា ជាប្រភេទសំណង់មិនរៀបរយ ធ្វើពីឈើ ប្រក់ស័ង្កសី ដែលមានទំហំ ៦ម៉ែត្រ គុណនឹង ៥ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ឆាំ្ន ដែលបានជួលទៅអោយឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំមុខរបរ រើសអេតចាយ ស្នាក់នៅ។ នគរបាល បានអោយដឹងថា ការកើតមានអគ្គិភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះ ដើមភ្លើង ដុតខ្សែភ្លើង យកស្ពាន ហើយ ភ្លើងបានឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅតែម្តង។
តាមព័ត៌មាន នៅមុនពេលកើតហេតុ អ្នករើសអេតចាយ បានដុតខ្សែភ្លើង នៅក្បែរផ្ទះជួលរបស់ខ្លួន ហើយខ្សែភ្លើង បានឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលទៅផ្ទះរបស់ខ្លួន ស្នាក់នៅ និងរាលទៅផ្ទះអ្នកក្បែរខាងយ៉ាងឆាប់រហ័ស។
បន្ទាប់ពីបង្កអោយកើតមានអគ្គិភ័យ ជននោះ បានគេចខ្លួនបាត់ស្រមោល។ នគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន ១៧គ្រឿង ទៅអន្តរាគន៍បាញ់ពន្លត់។ ក្នុងនោះ រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ១៥គ្រឿង រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ១គ្រឿង និងរថយន្តស្រាបៀរកម្ពុជា ចំនួន ១គ្រឿង។
ភ្លើងបានរលត់ នៅវេលាម៉ោងប្រមាណ ៨យប់។ នគរបាលបានអោយដឹងទៀតថា ផ្ទះចំនួន ៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនទៀត និងបណ្តាលអោយប្រជាពលរដ្ឋ ចំនួន ១២គ្រួសារ គ្មានទីជំរក។ ទោះបីជាយ៉ាងណា ពុំមានមនុស្ស រងគ្រោះថ្នាក់ឡើយ៕