ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បុរសម្នាក់សង្ស័យស្រវឹងបើកកង់បីឥណ្ឌាមួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តពីក្រោយដែលម្ចាស់គេកំពុងតែឈប់រងចាំភ្លើងស្តុបនោះ ពេញទំហឹងមណ្តាលឲ្យគៀបជាប់នៅខាងក្នុងបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនាំគ្នាជួយគាស់យកចេញពីក្នុងកង់បីរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ ចំណែកកង់បីរបស់គាត់បានរងការខូចខាតអស់មួយកំណាត់មុខស្ទើរតែទាំងស្រុងតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១២:២០នាទី យប់រំលងអធ្រាត្រថ្ងៃទី ០៤ឈានចូល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះមន្នីវង្សត្រង់ចំណុចនិងភ្លើងស្តុកបូកគោ ស្ថិតក្នុងសង្កាត់បឹងកេងកងទី០៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញប្រភេទរថយន្តដឹកគ្រឿងចក្រធុនធំក្បាលពណ៍សពាក់ស្លាកលេខភ្នំពេញ3C-7905 កំពុងតែឈប់រងចាំភ្លើងស្តុប ខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់បើកកង់បីឥណ្ឌាមួយពណ៍លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HQ-2727 បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿនលឿនទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្ដាលឱ្យម្ចាស់កៀបជាប់នៅក្នុងកង់បីឥណ្ឌារងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យចំណែកកង់បីឥណ្ឌាមួយគ្រឿងនេះវិញបានរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុរួចសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលឃើញថាសភាពជនរងគ្រោះធ្ងន់ធ្ងរពេកក៏បានទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងកង់បីឥណ្ឌាទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់នៅពេលក្រោយ៕