ភ្នំពេញ ៖ បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់បានរងរបួសត្រង់ជើងធ្ងន់ធ្ងរ ខណៈដែលរូបគេបានបើកបោះពួយកង់បីឥណ្ឌារបស់ខ្លួនក្នុងល្បឿនយ៉ាងលឿនចូលទៅក្នុងទីលានខាងមុខសាលមហោស្របកោះពេជ្រ ហើយទៅបុករថយន្តស៊េរីទំនើបម៉ាក RANG ROVER មួយគ្រឿងដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ កំពុងតែជិះកម្សាន្តលេងយឺតៗ ចំពីចំហៀង បណ្តាលឱ្យក្រពិត និងផ្ទុះពោងខាងក្នុងចំនួន ២ ទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។
រួចហើយកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងឡើងលើកពិតតំបូល បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសជាអ្នកបើកបរក៏បានរងរបួសត្រង់ជើងខ្លួនឯងធ្ងន់ធ្ងរផងដែរ តែសំណាងល្អប៉ះចំអ្នកមានចិត្តធម៌ មិនត្រឹមតែទាមទារសំណងទេ ថែមទាំងអោយលុយចំនួន ១០០ដុល្លារថែមទៀត ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២១ នៅចំណុចទីលានខាងមុខសាលមហោស្របកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តស៊េរីទំនើបម៉ាក RANG ROVER ព័ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AA-៥១៩១ មួយគ្រឿង ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ បើកដើរលេងកំសាន្តក្នុងល្បឿនយឺតៗ ក្នុងទិសដៅពីជើងទៅត្បូងនៅទីលានខាងមុខសាលមហោស្របកោះពេជ្រ ។
ពេលដែលរថយន្តមួយគ្រឿងខាងលើកំពុងតែបើកតិចៗនោះ ក៏ស្រាប់តែមានកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១HP-៧១០៩ ដែលបើកបរដោយបុរសម្នាក់វ័យជាង២០ឆ្នាំជិះតែម្នាក់ឯងបើកចូលមកក្នុងកោះពេជ្រ តាមច្រកផ្លូវស្ពាននាគបោះពួយក្នុងល្បឿនយ៉ាងលឿនមកបុករថយន្តស៊េរីទំនើបម៉ាក RANG ROVER មួយគ្រឿងខាងលើពេញមួយទំហឹងលាន់ឮតែក្ឌាំង រួចហើយក្រឡាប់ផ្ងារជើងឡើងលើ បណ្តាលអោយបុរសជាអ្នកបើកបររងរបួសជើងខ្លួនឯងយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗបាត់ទៅ ។