ភ្នំពេញ៖ ឡានដឹកទំនិញ២តោនកន្លះ ដឹកអង្ករ បានបាស់ក្បាលឡើង បើកទៅមុខអត់រួចដោយដឹកទំនិញលើសចំណុះ ត្រូវនគរបាលចរាចរណ៍ខណ្ឌ៧មករា ឃាត់យកមករក្សាទុក ដើម្បីធ្វើការអប់រំ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចស្តុបប្រាសាទពេជ្រ តាមបណ្ដោយផ្លូវ១៨២ កែងនឹងមហាព្រះមុនីវង្ស ស្ថិតនៅ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អនុសេនីយ៍ឯក ង៉ែត សារ៉ុន បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហារថយន្តកូរ៉េ ពាក់ស្លាកលេខភ្នំពេញ ៣B-៧៧៤៨ ដឹកទំនិញធ្ងន់ ដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចស្តុបប្រាសាទពេជ្រ រថយន្តក៏បានបាស់ក្បាលរថយន្តទៅមុខលែងរួច បង្កឲ្យបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចចរាចរណ៍ ហើយសមត្ថកិច្ចក៏ចុះទៅឃាត់រថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករាតែម្ដង។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយឃាត់រថយន្តមករក្សាទុកនៅអធិការនគរបាលខណ្ឌ កម្លាំងបានត្រួតពិនិត្យទៅរថយន្តមិនបានដឹកលើសកម្រិតនោះទេ ប៉ុន្តែម្ចាស់រថយន្តមិនបានរៀបចំទំនិញនៅលើរថយន្តឲ្យបានត្រឹមត្រូវបង្កឲ្យមានការកើតឡើងបែបនេះដូច្នេះរបស់របរដែលនៅលើរថយន្ត ដែលអាចខូចខាត សមត្ថកិច្ចឱ្យទៅម្ចាស់រថយន្តយកទៅវិញ។
Tags:
ព័ត៌មានជាតិ