ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ បានតាមទាន់ចោរកាច់កម៉ូតូរបស់ខ្លួន តែក្រុមចោរបានដកកាំភ្លើងខ្លី បាញ់២គ្រាប់រំដោះខ្លួនគេចបាត់ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅម្ដុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ម៉ូតូដែលចោរធ្វើសកម្មភាពយករបស់ជនរងគ្រោះនោះ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BX-1073 បន្សល់នៅកន្លែងកើតហេតុ ។
ជនរងគ្រោះមានឈ្មោះ គង់ គីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះនិយាយថា មុនពេលកើតហេតុ មានចោរ២នាក់ បានធ្វើសកម្មភាពចូលទៅកាច់កម៉ូតូរបស់គាត់ នៅក្នុងផ្ទះតាមផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) ម្ដុំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ។
ក្រោយពីបាត់ម៉ូតូ ជនរងគ្រោះក៏បានជិះដើររកម៉ូតូរបស់ខ្លួន ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួន និងចោរ២នាក់ នៅក្បែរស្ថានីយ៍ប្រេង PTT ជិតផ្សារសាំហាន់ ក៏ស្រែកផ្អើលឆោឡោឡើងដើម្បីឲ្យគេឯងជួយ។ ជនរងគ្រោះបន្តថា ខ្លួនបានដើរសម្តៅទៅជិតម៉ូតូរបស់ខ្លួន ភា្លមនោះស្រាប់តែចោរម្នាក់ ដកកាំភ្លើងបាញ់មួយគ្រាប់ ហើយរត់ឡើងជិះម៉ូតូរបស់បក្ខពួកដើម្បីគេចខ្លួន ហើយ បាញ់កាំភ្លើងមួយគ្រាប់បន្ថែមទៀត គេចចេញពីកន្លែងកើតហេតុតែម្ដង បន្សល់ម៉ូតូជនរងគ្រោះនៅកន្លែង កើតហេតុ ។
Tags:
ព័ត៌មានជាតិ