រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចាប់ខ្លួនប៉ូលិសម្នាក់ ក្នុងចំណោមបក្ខពួក១ក្រុម ប្រើហិង្សាលើយុវជនម្នាក់ ឲ្យរបួសធ្ងន់


ភ្នំពេញៈ មន្ត្រីប៉ូលិសម្នាក់ ក្នុងចំណោមបក្ខពួកមួយក្រុម ដែលប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រូវបានឃាត់ខ្លួនហើយ។ មន្ត្រីប៉ូលិសដែលឃាត់ខ្លួនឈ្មោះ សុន ពិសាល អត្តលេខ ៧៤៨៤០ ឋានន្តរសក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍នៅនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត។ចំណែកបក្ខពួកមួយចំនួនទៀតមិនទាន់ឃើញចាប់ខ្លួននោះទេ។ ជនរងគ្រោះឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 






សូមជម្រាបថា សមត្ថកិច្ចមួយក្រុមបានចាប់ និងវាយយុវជនម្នាក់ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ រួចហើយចាប់អូស ឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

 សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។ សាក្សីបន្តថា ពេលនោះសមត្ថកិច្ចទាំងនោះបានធ្វើសកម្មភាព ចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។

 ស្ត្រីឈ្មោះ វត្តី អាយុ២៨ឆ្នាំ ជាបងស្រីបង្កើតរបស់យុវជនរងគ្រោះ បញ្ជាក់ថា រូបនាង និងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូលិសមានគ្នាប្រមាណ៤ទៅ៥នាក់ វាយ រួចហើយប្អូនប្រុសរបស់នាងបានរត់ចូលទៅក្នុងហាងមួយ ដែលនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត។

 ស្ត្រីឈ្មោះ វត្តី ជាបងស្រីជនរងគ្រោះបន្តថា គ្រាន់តែឮដំណឹងនេះភ្លាម នាង និងស្វាមីបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាង និងស្វាមីក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។

 ស្ត្រីឈ្មោះ វត្តី បានបញ្ជាក់ទៀតថា ពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣និយាយដូច្នេះ រូបនាង និងស្វាមី ក៏បានទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ កំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង តែមិនឃើញសមត្ថកិច្ចដែលចាប់ខ្លួនប្អូនប្រុស របស់នោះទេ។

 ខណៈនោះរូបនាង និងស្វាមីបាននាំប្អូនប្រុសមកសង្គ្រោះបន្ទាន់នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះវាយយុវជនរូបនោះស្លាប់បាត់ទៅហើយ។ សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំមកដល់មន្ទីរពេទ្យ។

បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេងដែលនៅក្បែរផ្ទះនៅឯចោមចៅ។ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃតែម្ដង ។

 ពិសេសសូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះយកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឲ្យអាងខ្លួនមានអំណាចបុណ្យស័ក្កិ ចង់វាយធ្វើបាបប្រជាជនតូចតាចស្រេចតែក្បាលចិត្តបែបនេះទៀត៕
Previous Post Next Post