ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យស្រីប្រុសចំនួន ២២នាក់ ដែលជាអ្នកចែកចាយ ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុក បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី ជន ថារិទ្ធ ស្នងការរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២២នាក់ និងដកហូតថ្នាំញៀន ៦១កញ្ចប់, ដាវជាច្រើនដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងឯកសារ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕