រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ.....

នារសៀលថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ។

 

 ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា អំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តទេសចរណ៍មាត់សមុទ្រដ៏ធំមួយនេះសម្រេចបានក្នុងឆ្នាំ២០២២ ដូចជាការបម្រើសេវាសាធារណៈ ការសហការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

 

 ឯកឧត្តម អភិបាល បានបន្តថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសហការជាមួយក្រុមការងារចម្រុះ ថ្នាក់ជាតិ ធ្វើការដឹកនាំកិច្ចប្រជុំចាត់វិធានការអនុវត្តលើការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ បង្ក្រាប ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងជំរុញការងារអធិការកិច្ចហត្ថ ពលកម្មបរទេស នៅខេត្តព្រះសីហនុ សម្រេចបានលទ្ធផលជាច្រើន។

 

 ឯកឧត្តម បន្តថាគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស្វែងរកជនបរទេស ដែល បានប្ដឹងចូលប្រព័ន្ធមជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាល ជាតិ (Hotline១១៧), ផេកហ្វេសប៊ុកផ្លូវការរបស់ខ្ញុំបាទ, Hotline របស់ស្នងការដ្ឋាននគរបាលខេត្ត, សំណើរបស់ស្ថានទូត ឬស្ថានកុងស៊ុល ស្នើ សុំឱ្យជួយសង្គ្រោះបានសរុបចំនួន ១៣៥ករណី, ស្វែងរកឃើញតាម បណ្តឹងសរុបចំនួន ៦០៦នាក់ ស្រី ១០០នាក់ ស្មើ ១២សញ្ជាតិ។

 

 ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បន្ថែមថា ដោយទទួលបណ្ដឹងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចក្រឡាហោមសរុប ចំនួន ២៩៣បណ្តឹង ក្រុមការងារបានចុះប្រតិបត្តិការ ចំនួន ២៨៦បណ្តឹង រកឃើញមាននៅក្នុង ៧៩ទីតាំង សរុបជនបរទេសចំនួន ២.៩៧០នាក់ ស្មើនឹង ២០សញ្ជាតិ ក្នុងនោះ បានរកឃើញ ១៤៥បណ្តឹង មានជនរងគ្រោះចំនួន ២៨៦នាក់ ស្មើ១៤សញ្ជាតិ រកមិនឃើញ១៤១បណ្ដឹងដោយជនរងគ្រោះបានចាកចេញពីទីតាំង។

 

 ឯកឧត្តមបញ្ជាក់ថា ជាវិធានការចំពោះជនបរទេសដែលគ្មានឯកសារត្រឹមត្រូវ ត្រូវអនុវត្ត នីតិវិធីបណ្តេញចេញ ចំពោះជនបរទេសមានប័ណ្ណការងារហួសសុពលភាព ឬគ្មានប័ណ្ណការងារ និងម្ចាស់ទីតាំងដែលអនុញ្ញាតឱ្យជនបរទេសមិនគ្រប់ លក្ខខណ្ឌធ្វើការងារនៅក្នុងទីតាំងរបស់ខ្លួន បានធ្វើការផាកពិន័យ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅ សាលាដំបូងខេត្តព្រះសីហនុ។

 

 ឯកឧត្តម បន្តថារដ្ឋបាលខេត្តបានសហការជាមួយក្រុមអធិការកិច្ចហត្ថពលកម្មបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមបណ្តារោងចក្រ ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា សរុប ចំនួន ៤៣២គោលដៅ រកឃើញពលករបរទេសសរុប ចំនួន ៧.០៣៣ នាក់ មានចំនួន ៣២សញ្ជាតិ។ 

 

 ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ រដ្ឋបាលខេត្តបង្ក្រាបបានល្បែងស៊ីសងខុសច្បាប់ចំនួន២៩ករណី ឃាត់ខ្លួន ១៣៧នាក់ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១៥នាក់ ទៅសាលាដំបូងខេត្ត ចុះបិទទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាម ក្រុង-ស្រុកទាំង៥ សរុប១.០៣៦ទីតាំង ដោយបានអប់រំធ្វើកិច្ចសន្យា ចំនួន ១.១២៣នាក់ ស្រី ៥១៥នាក់ ដកហូតវត្ថុតាងបានរថយន្តចំនួន ៤គ្រឿង ម៉ូតូ៣០គ្រឿង និងវត្ថុតាងមួយចំនួនទៀត ។

 

 ចំណែកបញ្ហាគ្រឿងញៀន ខុសច្បាប់ ឯកឧត្តម គួច ចំរើន បញ្ជាក់ថា សមត្ថកិច្ចបានចុះបង្ក្រាបករណី រក្សាទុកសារធាតុញៀនខុសច្បាប់ចំនួន ៥ទីតាំង ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងបានរួមមាន៖ សារធាតុញៀន (កេតាមីន) ទម្ងន់សរុប ១.១៣៣គីឡូ ៧៨៩,១១ក្រាម សារធាតុគីមីប្រភេទផ្សេងៗ ទម្ងន់សរុប ១២គីឡូ ១១៨ក្រាម តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧,៨ក្រាម។

 

 អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការ បំពេញតួនាទីភារកិច្ច សម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២កន្លងមកនេះ ដោយសម្ដេចចាត់ទុក ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះថាបានរួមចំណែក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិប-តេយ្យសេរី ពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរឹងមាំប្រកបដោយ ចីរភាព និងបរិយាប័ន្ន។ 

 

 សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហា ប្រឈមនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីស្តារផលប៉ះពាល់នានាមកលើ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីជំងឺកូវីដ-១៩, គ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះ ងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើនប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងទុកថា នឹងមានកំណើនក្នុងរង្វង់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នេះ។

 

 សម្ដេចបន្តថា ក្នុងឆ្នាំ២០២២ កម្ពុជាក៏សម្រេចបានការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់និងបទបញ្ជ នីតិវិធីនៃការបោះឆ្នោត ព្រមទាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតនេះបានយ៉ាងល្អប្រសើរ និងថាក្នុង តួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ក៏បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ដែលជាការ លើកកម្ពស់ថែមទៀតនូវកិត្យានុភាពប្រទេសកម្ពុជាយើងលើឆាកអន្តរជាតិ។

 

 ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់អំពីបញ្ហាប្រឈម នានាដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើន ដែលត្រូវបន្ត ខិតខំរួមគ្នាពុះពារអនុវត្តឲ្យបានល្អក្នុងឆ្នាំ២០២៣ នេះ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យប្រព្រឹត្តទៅប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យទទួលបានជោគជ័យនិងមានសុវត្ថិភាព។

 

 ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចបានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ត្រូវខិតខំ រួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣ ពិសេស ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹង នីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេស ជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

 

 សម្ដេចបានណែនាំរដ្ឋបាលខេត្តព្រះសីហនុ បង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវសហការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសមិនប្រពៃណីនានា (Non- Traditional Crime) ដែលកំពុងមានការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ។

 

 អំពីករណីលាងសម្អាតប្រាក់ ថ្មីៗនេះ អង្គការ FATF បានសម្រេចដក ប្រទេសកម្ពុជាយើងចេញពីបញ្ជីប្រផេះនៃការលាងសម្អាតប្រាក់។

 

 ហេតុនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តជាប្រព័ន្ធក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ដើម្បី ជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ 

 

សម្ដេចបន្តថា ចំពោះអំពើជួញដូរមនុស្ស យើងបានដាក់ចេញនិងអនុវត្តយ៉ាងសកម្មនូវផែនការបង្កើនការប្រយុទ្ធប្រឆាំងបទល្មើសនេះ ដោយកំណត់យកខេត្តព្រះសីហនុជា គោលដៅនៃការស្រាវជ្រាវ លើពាក្យបណ្តឹងនានាដែលអះអាងថា មានការជួញដូរ មនុស្ស ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បានរកឃើញ មុខសញ្ញាពាក់ព័ន្ធពាក្យបណ្តឹងទាំងនោះ ភាគច្រើននៅតាមទីតាំង ល្បែងភ្នាល់អនឡាញខុសច្បាប់នានា។

 

 ឆ្លងតាមកិច្ចប្រតិបត្តិការ មកទល់ពេលនេះ ពាក្យបណ្តឹងដែលអះអាងថា មានការជួញដូរមនុស្ស គ្រាន់តែមានការថយចុះ ជាងមុនតែប៉ុណ្ណោះ។ 

 

 សម្ដេចបានរម្លឹកអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តឲ្យ កាន់តែសកម្មថែមទៀតនូវយុទ្ធនាការបង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែង ភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋានកុំឲ្យ កំរើកឡើងវិញ ព្រមទាំងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវ សហការអនុវត្តការងារទាំងនេះប្រកបដោយតម្លាភាព គណនេយ្យភាព និងមាន ការទទួលខុសត្រូវខ្ពស់ សំដៅរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរ ពង្រឹងកិច្ចសហការគ្រប់គ្រងការចេញចូល និងសន្តិសុខតាមលំហសមុទ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និហខិតខំជំរុញការអនុវតគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។

 

 ក្រៅពីនេះ សម្ដេចក៏បានផ្ដល់អនុសាសន៍ និងការណែនាំបន្ថៃមអំពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, ការអភិវឌ្ឍទីក្រុងប្រកដោយចីរភាព, ការគ្រប់គ្រងឆ្នេរសមុទ្រ និងធនធានធម្មជាតិ, ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរប្រជាពលរដ្ឋ និងការព្រឹងរបៀបរបបការងារ។

 

 សម្ដេចសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងការបំពេញការងារឲ្យសម្រេច បានសមិទ្ធផលថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៣៕ 

 








 

Previous Post Next Post