រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារធ្វើភាគីជាមួយមួយឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី .....

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីវិធីទទួលបដិសណ្ឋាកិច្ចរួចរាល់នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជួបប្រជុំទ្វេភាគី ដែលធ្វើឡើងនៅវិមានសន្តិភាព។ 

 

 ក្នុងជំនួបប្រជុំទ្វេភាគីនោះផងដែរ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរបានរិះរកវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។ 

 

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

 

 ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​ក៏បានបញ្ជាក់ថា ​ឯកឧត្តមពិតជារីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអរគុណដល់សម្ដេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។ 

 

ឯកឧត្តមបានមានប្រសាសន៍បន្តថា សម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដ៏មានបទពិសោធន៍ទូលំទូលាយ និងបានចូលរួមដោះស្រាយបញ្ហា​ស្មុគស្មាញ​ភាគច្រើន ដូចជា​បញ្ហា​មីយ៉ាន់ម៉ា ជាពិសេសការរក្សាបាន​សន្តិភាព​នៅកម្ពុជា ​ហើយប្រសិនបើប្រៀបធៀប​ទៅនឹងស្ថានភាព​នៅ​មីយ៉ាន់ម៉ា បច្ចុប្បន្ននេះ ​នេះជាឧទាហរណ៍ ១ដ៏ល្អអស្ចារ្យ ​ដែលកម្ពុជា​ជាប្រទេសមួយដែល​ធ្លាប់​ញាំញី​ដោយ​សង្គ្រាមស៊ីវិល ​ហើយទីបំផុត​ទទួលបានសន្តិភាព​យ៉ាង​ពេញលេញ ហើយឯកឧត្តម​ក៏​ទន្ទឹងរង់ចាំការចូលរួម​ចំណែករបស់​សម្ដេច​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ នាពេលខាងមុខ ដើម្បី​ពិភាក្សាផ្ដល់នូវទស្សនៈមួយចំនួននៅក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញការដោះ​ស្រាយបញ្ហា​មីយ៉ាន់ម៉ា អំពីរដ្ឋបាលយោធា ​របស់មីយ៉ាន់ម៉ា​ ឲ្យយល់អំពីថា​ បញ្ហានេះ​ មិនត្រូវបន្តដោយ​មិនមានដំណោះស្រាយនោះទេ ​ហើយបញ្ហាសមុទ្រចិនខាងត្បូង ​បញ្ហារុស្ស៊ី អ៊ុយក្រែន បញ្ហាឧបទ្វីបកូរ៉េ ​បញ្ហាតៃវ៉ាន់ និងចិនជាដើម គឺសម្តេច និងឯកឧត្តម ពិតជាមានទស្សនៈដូចគ្នា។ 

 

ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានថ្លែងនូវការកោតសរសើរ ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា បានបញ្ចប់នូវសង្គ្រាម និងមានភាពរីកចម្រើន។

 

 សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងម៉ាឡេស៊ី បានធ្វើការពិភាក្សា​លើកិច្ចការជាច្រើន ក្នុងនោះ​បាន​ឯកភាពគ្នាពង្រឹង​កិច្ចសហប្រតិបត្តិការរវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីធ្វើការប្រឆាំង ​នឹងការរត់ពន្ធ ការជួញដូរមនុស្ស ​និងសំអាតប្រាក់រួមទាំង​ការពិចារណា​បង្កើត​ឱ្យមានអនុស្សារណៈយោគយល់គ្នារវាងនគរបាល​នៃប្រទេសទាំង២ផងដែរ។

 

 ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើង​យ៉ាង​ទូលំ​ទូលាយ​ពាក់ព័ន្ធ​ទៅនឹងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម​ វិនិយោគក៏ដូចជា​បញ្ហាតំបន់ និងអន្តរជាតិផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ 

 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។

 

 សម្ដេចតេជោបានថ្លែងរំលឹកដល់អនុស្សាវរីយ៍ដ៏គួរឲ្យចងចាំ គឺជាការស្គាល់គ្នាជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ដែលកាលនោះឯកឧត្តម អាន់វ៉ា បានរៀបចំពិសាអាហារមួយពេលជូនសម្តេចនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ហើយបើគិតមកដល់ពេលនេះ មានរយៈពេល ២៧ឆ្នាំមកហើយ។ 

 

សម្តេចតេជោបានផ្ដាំផ្ញើតាមរយៈឯកឧត្តមអាន់វ៉ា ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីភរិយាសម្តេច ជូនដល់ភរិយាឯកឧត្តម អាន់វ៉ា ផងដែរ ព្រោះតែភរិយានាយករដ្ឋមន្ត្រីទាំងពីរ មានជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលប្តីជួបទុក្ខលំបាក ភរិយាត្រូវទទួលអំរែកទាំងអស់ក្នុងគ្រួសារ។

 

 ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ៕

 







 

Previous Post Next Post