រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង.....

នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

 

 ឯកឧត្តម បណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានគោរពថ្លែងអំណរគុណ និងសម្ដែងនូវកតញ្ញូតាធម៌យ៉ាងស្មោះស្ម័គ្រចំពោះឧបការគុណដ៏ធំធេង មិនអាចបំភ្លេចបានរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដែលជាស្ថាបនិកបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នេះឡើង និងតែងតែបានយកចិត្តទុកដាក់ជួយជ្រោមជ្រែង និងទ្រទ្រង់តាំងពីដើមរៀងមក ចំពោះការអប់រំ និងបណ្ដុះបណ្ដាលនៅទីនេះឱ្យមានដំណើរការល្អជាប់ជានិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

 

 ឯកឧត្តមបន្តថា ឆ្នាំនេះជាខួបគម្រប់៣០ឆ្នាំ របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលមានឈ្មោះដើមថា សាកលវិទ្យាល័យ មហាឥសីវេទ ត្រូវបានបង្កើតឡើងដំបូង តាមអនុក្រឹត្យលេខ០២ អនក្រ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៣ របស់ក្រុមប្រឹក្សារដ្ឋមន្រ្ដី ហើយដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអប់រំ និងបណ្តុះណ្តាលធនធានមនុស្សសម្រាប់កម្ពុជា។

 

 ឯកឧត្តមបន្តថា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាចំនួន ២៥ជំនាន់ រួចមកហើយ ដែលស្មើនឹង ១៥,៩៨១ នាក់ ហើយដែលកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្ដមភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយស។

 

 អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះអង្គការ AACF (អេ អេ ស៊ី អេស) ដែលបានផ្តួចផ្តើមបង្កើតសាកលវិទ្យាល័យ ព្រមទាំងធ្វើជាដៃគូសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត តាំងពីពេលដែលសាកលវិទ្យាល័យត្រូវបានបង្កើត រហូតដល់ពេលដែលអង្គការបញ្ចប់បេសកកម្មនាចុងឆ្នាំ២០០៨។ សម្ដេចក៏ថ្លែងអំណរគុណ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកអប់រំ, និងដៃគូសហប្រតិបត្តិការទាំងអស់នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលបានខិតខំបរិច្ចាគទាំងកម្លាំងកាយ បញ្ញា និងស្មារតី ដើម្បីគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស អស់រយៈពេល ៣០ឆ្នាំកន្លងមកនេះ ប្រកបដោយគុណភាព, សមត្ថភាព, មានចំណេះដឹង, ចំណេះធ្វើ, មានសីលធម៌ល្អ, មនសិការវិជ្ជាជីវៈ, សេចក្ដីថ្លៃថ្នូរ, និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ គួរជាទីមោទនៈ។ 

 

សម្ដេចបានរម្លឹកថា សម្ដេចផ្ទាល់ បានរួមចំណែកក្នុងការផ្តួចផ្តើមកសាងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ តាំងពីដើមមក ព្រមទាំងបានជួយទ្រទ្រង់ និងបង្កលក្ខណៈឱ្យសាកលវិទ្យាល័យ អាចដំណើរការ បណ្តុះបណ្តាលនិស្សិតបានរៀងមក ខ្ញុំក៏សូមលើកពីប្រវត្តិសង្ខេប នៃការបង្កើតសាកលវិទ្យាល័យ នៅជនបទដំបូងគេនេះនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជូនអង្គពិធីទាំងមូលជ្រាបជាព័ត៌មាន។ 

 

សម្ដេចរម្លឹកថា សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដើមឡើយមានឈ្មោះថា សាកលវិទ្យាល័យមហា ឥសីវេទ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ តាមអនុក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រី និងថាសាកលវិទ្យាល័យ មហាឥសីវេទ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយ ស្ថិតនៅភូមិភាគបូព៌ា នៃប្រទេស ដែលបង្កើតឡើងដោយអង្គការ AACF (អេ អេ ស៊ី អេស) ក្រោមការផ្តួចផ្តើមរបស់ ឥស្សរជនដែលរួមមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាដើម ហើយអង្គការ AACF ជាដៃគូសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត។

 

 សម្ដេចបានបន្តថា គោលបំណងនៃការបង្កើតសាកលវិទ្យាល័យនៅស្រុកកំចាយមារនេះ គឺចង់ឱ្យសិស្សដែល បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា ហើយម្យ៉ាងទៀតក៏ចង់ឱ្យសាកលវិទ្យាល័យរួមចំណែកក្នុងការអភិវឌ្ឍស្រុកកំចាយមារ និងស្រុកនានាជុំវិញ ព្រោះកាលនោះតំបន់នេះជាតំបន់ដាច់ស្រយាល នៃប្រទេស។

 

 សម្ដេចរម្លឹកថា សាកលវិទ្យាល័យ វេទមហាឫសី នៅពេលនោះ ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយ ផ្លូវគមនាគមន៍ទៅមកជួបការលំបាកក្តី ប៉ុន្តែមាននិស្សិតស្ទើរតែគ្រប់ខេត្ត និងរាជធានីភ្នំពេញ បានមកសិក្សានៅទីនេះ ហើយការសិក្សារបស់ពួកគេទទួលបានជោគជ័យ។

 

 និស្សិតដែលបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង មានឱកាសទទួលបានការងារធ្វើស្ទើរគ្រប់ៗគ្នា ដោយខ្លះចូលបម្រើការងាររដ្ឋ ខ្លះបម្រើការងារឯកជន ឬសង្គមស៊ីវិលជាដើម។

 

 សម្ដេចបន្ថែមថា ការអភិវឌ្ឍសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ គឺជាការរួមចំណែកក្នុងការអនុវត្តយុទ្ធ សាស្ត្រចតុកោណចាប់តាំងពីដំណាក់កាលទី២ រហូតមកដល់ដំណាក់កាលទី៤ លើវិស័យអប់រំ របស់រាជរដ្ឋាភិបាល។

 

 គោលបំណងនៃវិស័យអប់រំ សិក្សាធិការ គឺការបណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានគុណធម៌ អត្តចរិតល្អប្រពៃ មានកាយសម្បទារឹងមាំ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធានាការពាររាល់សមិទ្ធផលរបស់ជាតិ។

 

 ពីវេទិកាអធិបតីនោះដែរ សម្ដេចបានណែនាំឱ្យពង្រឹងការបណ្តុះបណ្តាលនិស្សិតនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ផ្នែកអប់រំ បច្ចេកទេសជំនាញមានដូចជាជំនាញកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជំនាញគ្រឿងយន្តជាដើមទន្ទឹមនឹងការបណ្តុះបណ្តាលកម្រិតអ្នកបច្ចេកទេសជំនាញ ក៏បើកច្រកឱ្យនិស្សិត ដែលសិក្សាពូកែ មានឱកាសបន្តការសិក្សាកម្រិតជាន់ខ្ពស់ថែមទៀត ពោលគឺក្រោយពេលបញ្ចប់ ការសិក្សា ពួកគេនឹងក្លាយជាវិស្វករ វិស្វករជាន់ខ្ពស់ ឬអ្នកបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់។

 

 សម្ដេចបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២២ សម្ដេចបានផ្តួចផ្តើមនូវគំនិតថ្មីមួយទៀតក្នុងការបង្កើតមជ្ឈមណ្ឌលជាតិអប់រំ និងបណ្តុះបណ្ដាល ជា ស៊ីម កំចាយមារ នៅក្នុងទីតាំងតែមួយដើម្បីប្រមូលផ្ដុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នាចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា សំដៅផ្ដល់ឱកាសសិក្សា និងភាពងាយស្រួលដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួលក្នុងការអនុវត្តកម្មវិធីសិក្សា ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ដើម្បីបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនមូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាស ការងារ និងទីផ្សារផលិតផលក្នុងស្រុក។

 

សម្ដេចបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ និងអភិវឌ្ឍ វិស័យអប់រំអោយកាន់តែប្រសើរឡើង ដោយបានកសាងសាលារៀនជាច្រើនអោយទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។

 

 ហេតុដូច្នេះ សម្ដេចបានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ សម្រាប់ដើរតួនាទីកាន់តែសំខាន់ទៀតក្នុងការផ្ដល់ឱកាស និងសេវាកម្មអប់រំសម្រាប់ បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា៕ 

 








 

Previous Post Next Post