រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អបអរសាទរការបើកឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា “ភ្នំពេញ-ព្រះសីហនុ” ដោយឥតគិតថ្លៃ ពេញមួយខែតុលា!...

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសេដ្ឋកិច្ចធំបំផុត នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៧ និង០០នាទីព្រឹក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក Sun YaoGuo ប្រធានវិស្វករ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងលោក Zhou Yong ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ប្រចាំកម្ពុជា រដ្ឋបាលរាជធានី/ខេត្តពាក់ព័ន្ធ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប។ 

 

 

ជាកិច្ចចាប់ផ្តើម លោក Sun YaoGuo តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) បានថ្លែងនូវចំណាប់អារម្មណ៍ដែលមានខ្លឹមសារជាសង្ខេបថា៖ “បន្ទាប់ពីចំណាយពេលសិក្សា រៀបចំផែនការអស់រយៈពេល១០ឆ្នាំ និងចំណាយពេលស្ថាបនាជាង៣ឆ្នាំ ថ្ងៃនេះផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមួយខែពេញដោយឥតគិតថ្លៃ។

 

 ក្នុងនាមក្រុមហ៊ុនវិនិយោគ និងសាងសង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានី/ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ 

 

លោកក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីពេលនេះតទៅប្រទេសកម្ពុជាបានបោះជំហានចូលក្នុងយុគសម័យផ្លូវល្បឿនលឿនមួយជំហានហើយ។” ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានី ក៏បានសំដែងនូវទស្សនៈសុទិដ្ឋិនិយម ចំពោះផ្លូវល្បឿនលឿនថ្មីមួយខ្សែនេះ ដោយបានគូសបញ្ជាក់ថា វាមិនមែនត្រឹមតែងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន (ពី៥ម៉ោង មកត្រឹម២ម៉ោង) ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ផ្លូវនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនផងដែរ។

 

 ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានរៀបរាប់ដោយសង្ខេបខ្លីពីសាវតាគម្រោង រហូតដល់ថ្ងៃបើកឱ្យដំណើរការសាកល្បងនេះ។ 

 

ជាពិសេស ឯកឧត្តម ក៏បានសង្កត់ធ្ងន់ពីសេចក្តីណែនាំ និងលក្ខខណ្ឌសំខាន់ៗ ដែលបងប្អូនអ្នកបើកបរត្រូវតែស្វែងយល់ និងអនុវត្តជាចាំបាច់ ក្នុងពេលធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ដែលទាំងអស់នេះជាកត្តានាំមកនូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។

 

 ចុងបញ្ចប់ អង្គពិធីបានប្រកាសបើកឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ហើយសូមផ្តាំផ្ញើដល់បងប្អូនអ្នកបើកបរទាំងអស់គ្នា សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់៕ 

 






 

Previous Post Next Post