រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពេលនេះបញ្ជូនខ្លួន ជនត្រូវចោទ ជាអតីតយោធាដែលបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យទៅតុលាការហើយ...

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនត្រូវចោទ ជា អតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ ដែលត្រូវចាប់បាននៅប្រទេសថៃនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។

 

 ជនត្រូវចោទ ដែលជាជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត ជា អតីតមន្ត្រីយោធា មានអាយុ២៨ឆ្នាំ។ ជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ។

 

 សូមបញ្ជាក់ថា ជនត្រូវចោទរូបនេះ ត្រូវបានឃាត់ខ្លួន ក្នុងទឹកដីខេត្តចន្ទបុរី ប្រទេសថៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨ គ១ ដ.ច.ន ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

 

 

 សូមជម្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនត្រូវចោទ ពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

 

 ជនត្រូវចោទ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រួចហើយ កម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង បានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាត់ការតាមនីវិធីបន្ត រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះតែម្តង។

 

 ប្រតិបត្តិការឃាត់ខ្លួនជនត្រូវចោទរូបនេះ បានធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំ វណ្ណវីរៈ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវជាបន្ដបន្ទាប់នៅពេលជនដៃដល់រត់គេចខ្លួនពីមួយកន្លែង ទៅមួយកន្លែងនៅប្រទេសថៃ។ 

 

នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ជនត្រូវចោទដែលជាជនដៃដល់ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន តំណាងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានជាអ្នកមកទទួល ដើម្បីសួរនាំបន្ថែម រួចបញ្ជូនទៅតុលាការ។

 

 សូមរំលឹកថា ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

 

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនកើតហេតុ ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ ទៀតផង។

 

 សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។ 

 

ហើយជនដៃដល់បានបាញ់ប្រហាទៅលើនារីរងគ្រោះ ត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង បណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕ 

 







 

Previous Post Next Post