រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខា ស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា2022

ព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខា ស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាគណៈកម្មាធិកាសាខាក្រុង ស្រុក។

 

 ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍បើកកិច្ចប្រជុំ ស្តីពីការរៀបចំប្រារព្ធខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងការប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ព្រមទាំងបានថ្លែងអំណរគុណលោក លោកស្រីជាគណៈកម្មាធិកាសាខាក្រុង ស្រុកទាំង៥ និងមន្ត្រីសាខាកាកបាទក្រហមដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-ពិសេសក្នុងការចុះចែកស្បៀងក្នុងតំបន់បិទខ្ទប់ និងការចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់)ជាដើម។ 

 

ឯកឧត្តមប្រធានបញ្ជាក់ថា ការប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ "ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគមន៍" ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងខេត្តឱ្យបានសកិ្តសម ជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ 

 

ទន្ទឹមនោះការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងដោយស្ម័គ្រចិត្តជូនសមាគមជាតិ ការផ្សព្វផ្សាយបំផុសចលនាកៀរគររកមូលនិធិក្នុងយុទ្ធនាការផ្សព្វផ្សាយឈានឆ្ពោះទៅទិវា ៨ឧសភា។ 

 

ឯកឧត្តម ប្រធានបានបន្តទៀតថា ចំពោះការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែ យើងត្រូវរៀបចំទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តមួយចំនួនក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ក្នុងនោះក៏មានវត្តសាមាធិស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ដែលព្រះចៅអធិការ គណៈមកម្មការវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យកទីតាំងវត្តសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នាពេលកន្លងមក។

 

 សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើសកម្មភាពចុះចែកស្បៀងជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានាក្នុងក្រុង ស្រុកទាំង៥ បានចំនួន ៤០៨លើក ស្មើនឹង ១២.១៦៨គ្រួសារ ។

 

 ដោយឡែករយៈពេល ៣ខែដើមឆ្នាំ២០២២នេះ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះធម្មជាតិបានចំនួន ៥២លើក ស្មើនឹង ១.៤៥៣គ្រួសារផងដែរ៕

 





 

Previous Post Next Post