Saturday, January 15, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ ខេត្តព្រះសីហនុ មានមណ្ឌលប្រឡងចំនួន៥មណ្ឌល ក្នុងនោះក្រុងព្រះសីហនុមាន ៣មណ្ឌល ស្រុកព្រៃនប់ ២មណ្ឌល មានបេក្ខជនប្រឡងចំនួនសរុប១,៣៥២នាក់ ស្រី ៧១០នាក់ បេក្ខជនប្រឡងជាប់សរុប ១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង ៧៥,៦៧ភាគរយ។ សិស្សជាប់និទ្ទេស A មានចំនួន ២០នាក់ ស្រី ៩នាក់ ក្នុងនោះ វិទ្យាល័យហ៊ុនសែនក្រុង ៧នាក់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ៣នាក់ វិទ្យាល័យជីវិត ៣នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ២នាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ២នាក់ វិទ្យាល័យសុវណ្ណភូមិ ២នាក់ និងវិទ្យាល័យស្ទឹងហាវ ១នាក់។ និទ្ទេស B មានចំនួន ៦៧នាក់ ស្រី ៤៣នាក់។ C ១៧០នាក់ ស្រី ៩៩នាក់។ D ៣៧២នាក់ ស្រី ២០៩នាក់ និង E ៣៩៤នាក់ ស្រី ២០២នាក់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវិស័យអប់រំនៅខេត្តព្រះសីហនុ មិនអាចកាត់ផ្តាច់ចេញពីលោកគ្រូ អ្នកគ្រូបានឡើយ ដែលបានខិតខំក្នុងការជួយបណ្តុះបណ្តាលធនធានក្មួយៗនៅគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្តព្រះសីហនុ ធ្វើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របឋមភូមិនៅគ្រប់កម្រិតសិក្សាទទួលបានលទ្ធផលល្អ ទោះបីខេត្តព្រះសីហនុ ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏លោកគ្រូ អ្នកគ្រូរបស់យើងបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនតាមប្រព័ន្ធឌីជីថល និងការបង្រៀនតាមបណ្តុំសហគមនៅទូទាំងខេត្តព្រះសីហនុ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រៀមរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូដែលបានយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀនសិស្សតាមសាលានីមួយៗទទួលបាននិទ្ទេស A ច្រើនជាងគេ តាមការសន្យាកន្លងមក។ សូមបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានជាប់និទ្ទេស A មានចំនួនសរុប១,៧៥៣នាក់៕ 





 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136