Thursday, December 02, 2021

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ។ 

យោងតាមរបាយការណ៍របស់ ឯកឧត្តម ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានឲ្យដឹងថា ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ គឺក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះឲ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្ថាបនាផ្លូវទាំង ៣៧ខ្សែនេះ ក្នុងរយៈពេលកំណត់ ៨ខែ ឱ្យរួចរាល់ជាស្ថាពរដោយគិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងគម្រោងអភិវឌ្ឍនេះ ត្រូវបានសិក្សាកំណត់បែងចែកឋានានុក្រមផ្លូវជា៣ប្រភេទ ស្របតាមប្លង់នគរូបនីយកម្ម ក្នុងក្រុង តំបន់ជាយក្រុង តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាមួយការកំណត់លក្ខណៈបច្ចេកទេសសាងសង់។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការសាងសង់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ហើយប្រើប្រាស់ថវិកាជាតិសម្រាប់ការវិនិយោគជាលើកដំបូង។សម្តេចតេជោ បានបន្តថា បើមិនយកការសម្រេចចិត្តមួយបណ្តាក់ទុនឱ្យសាងសង់ផ្លូវជាប់មាំនៅក្នុងខេត្តនេះទេ គឺត្រូវតែធ្វើជាប់រហូត ព្រោះមានតម្រូវការប្រើប្រាស់មមាញឹក។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រះនាមរបស់សម្តេច នរោត្តម សីហនុ ផ្សារភ្ជាប់ជាមួយទឹកដីខេត្តព្រះសីហនុជានិច្ច បើទោះបីព្រះអង្គបានយាងចូលទិវង្គតក្តី។ ខេត្តព្រះសីហនុ បានប្រែប្រួលមុខយ៉ាងខ្លាំង ជាមួយអគារកម្ពស់រាប់ជាន់ បានផុសឡើងយ៉ាងច្រើន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីបច្ចេកវិទ្យានៃអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានចម្រោះទឹកកខ្វក់បានយ៉ាងស្អាត។ សម្តេចេជោ ហ៊ុន សែន ប្រកាសជាថ្មីឱ្យប្រជាពលរដ្ឋយកទឹកដែលចម្រោះរួចនោះទៅស្រោចដំណាំ និងប្រើប្រាស់សម្រាប់ចិញ្ចឹមត្រីជាដើម ដោយគ្មានការយកលុយកាក់នោះឡើយ។ 

សម្តេចតេជោ ហ៊ុន សែន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងខេត្តព្រះសីហនុ ដែលប្រើកម្លាំងខ្មែរទាំងអស់ ទាំងកម្លាំងពលកម្ម មន្ត្រីជំនាញ វិស្វករ និងស្ថាបត្យករ។ សម្តេចេជោ បានថ្លែងថា នេះគឺជាមោទនភាពមួយរបស់ខ្មែរ។ សម្តេចក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគម្រោង កម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ ដែលបានចូលរួមសហការឲ្យសម្រេចបាននូវសមិទ្ធផលនៅក្នុងខេត្តនាពេលនេះ។ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ជាគម្រោងពោរពេញដោយមហិច្ឆតា និងឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពីអត្ថន័យនៃពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានសម្រេចឱ្យតាំងបង្ហាញលើមហាវិថីជំទាវម៉ៅ។ សម្តេចតេជោ បានបញ្ជាក់ថា ពាក្យនេះ សម្តេចសំដៅដល់សមត្ថភាពខ្មែរគ្រប់ជំនាន់អាចសាងនូវសមិទ្ធផលទាំងឡាយសម្រាប់ជាតិ។ 

សម្តេចតេជោ​ ក៏បានលេីកឡេីងពីអត្ថន័យរបស់សិលាបណ្តាសាថា​ គឺសំដៅលេីនរណាដែលប្រព្រឹត្តអាក្រក់នៅលេីតំបន់នេះ​ (ពយអូរឈេីទាល​ ឆ្នេរជំទាវម៉ៅ​ និងសិលាចាំស្នេហ៍)នឹងត្រូវទទួលវិនាស​ ចឹងថ្ងៃក្រោយកុំទៅវាយដុំថ្ម(សិលា)នោះចោល​ និងកុំទៅយកដីតំបន់នោះធ្វេីជាកម្មសិទ្ធិឯកជននោះនឹងត្រូវបណ្តាសា​។ សម្តេចបន្តថា​ ពាក្យបណ្តាសានេះគឺមាននៅក្នុងសិលាចារឹកតាំងពីសតវត្សទី៧មកម្លេះ​ ចឹងគោលដៅនៃការដាក់សិលាបណ្តាសានេះ​ គឺដេីម្បីការពារទ្រព្យសម្បត្តិដីសាធារណៈរបស់រដ្ឋនៅតំបន់នោះ។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយបរទេសខ្លះបានតែតួលេខ ដោយឡែកថវិកាបានទៅលើមន្ត្រីបច្ចេកទេសរបស់ប្រទេសម្ចាស់ជំនួយនោះ។
ផ្តើមចេញពីបញ្ហានេះហើយ ទើបសម្តេចប្រឹងប្រែងសន្សំប្រាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយជំនួយរបស់បរទេស។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដោយយោងតាមទិន្នន័យពីរដ្ឋមន្ត្រីទេសចរណ៍ថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរឈានមុខគេ ហើយលេខ២ នៅខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តមកលេងខេត្តព្រះសីហនុ ជាពិសេសមកមើលហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដែលទើបសាងសង់រួចរាល់។ 

ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះបណ្តាសប្បរសជនទាំងឡាយដែលបានចូលក្នុងការកសាងអភិវឌ្ឍខេត្តព្រះសីហនុនេះ។ ចុងបញ្ចប់ពិធីសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ចាប់ពីពេលនេះតទៅ៕


សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136