នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២០ ករណី ដល់មូលដ្ឋានផ្ទាល់ តាំងពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ជិត១១យប់ ថ្ងៃដដែល។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ធ្វើឡើងនៅសាលាឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតដោយបានការចូលរួមពីឯឧត្តម ជឹង ផល្លា ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ,លោកប្រធានសាលាដំបូងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសបើកកិច្ចដំណោះស្រាយ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ដោយមិនចង់ឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្តនោះ, ថ្នាក់ដឹកនាំខេត្តដោយមានការចូលរួមពីឯកឧត្ដមប្រធានក្រុមប្រឹក្សាអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជាប់ និងធ្វើការដោះស្រាយដោយផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តកំពត លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា៕