រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ....

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 

 

 ក្រសួងមហាផ្ទៃ គឺជាសេនាធិការមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដោយមានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

 

 សន្និបាតនេះមានសារៈសំខាន់ណាស់ ក្នុងការពិនិត្យឡើងវិញលើការងារទាំងឡាយរបស់ស្ថាប័ន និងអង្គភាពនានា ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព។ 

 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំ ២០២៣នេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍ បោះឆ្នោតជាដើម ដូច្នេះសម្ដេចបានឱ្យក្រសួងមហាផ្ទៃត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ។

 

 សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការយកឈ្នះលើជំងឺកូវីដ១៩ គឺបានឆ្លើយតបទាន់ពេលវេលាលើគ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។

 

 សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ការផលិតគ្រឿងញៀន មានការកើន​ឡើង​គួរឱ្យកត់សម្គាល់ ដូច្នេះសម្ដេចតេជោឱ្យមានការពិនិត្យឡើងវិញចំពោះបញ្ហានេះ ពិសេសការផលិតគ្រឿងញៀនកែឆ្នៃ និងត្រួតពិនិត្យ​លើការ​ចរាចរណ៍ចេញចូលលើបញ្ហាគ្រឿងញៀននេះ។ 

 

ជាមួយគ្នានេះសម្ដេចសុំឱ្យគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យបានល្អប្រសើរ និងឱ្យមានការចូលរួម ពីគ្រប់ភាគីពិសេសពលករបរទេស។

 

 សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ ការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចពេក។

 

សម្ដេចតឹជោក៏បានណែនាំឱ្យមានការតែងតាំងស្រ្ដីជាអភិបាលរងយ៉ាងតិច២-៣ នាក់បន្ថែមទៀត។ 

 

សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបាន​ផ្ដល់អំណាចដើម្បី​ឱ្យមូលដ្ឋាន​អាចជ្រើសរើស ប៉ុន្ដែការស្នើមកនោះ មិនមានស្រ្ដីច្រើនឡើយ។

 

 សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។

 

 គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋាន ក្នុងការជ្រើសរើស​ជា​អភិបាលរងខេត្ត ស្រុក ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន។ 

 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កាជ្រើសរើសមន្រ្ដី គឺសុំស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ 

 

សម្ដេចបញ្ជាក់ថា បើចង់ឱ្យមានការលើកតំកើនស្រ្ដីនៅគ្រប់តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។ 

 

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍សារជាថ្មីអំពី ការរួមគ្នាកម្ចាត់ចោលនូវរាល់ព័ត៌មានក្លែងបន្លំ ដែលព័ត៌មានក្លែងបន្លំនេះ វាអាក្រក់ និងសាហាវ ដែលផ្ទុយ​ពី​សិទ្ធិ​បញ្ចេញមតិ ដូច្នេះការបង្កើតឆាណែលតេឡេក្រាម គឺជាផ្នែកមួយ​ដើម្បី​ឆ្លើយតបទាន់ពេលចំពោះករណីមានព័ត៌មានក្លែងក្លាយកើតឡើង។

 

 សម្ដេចតេជោក៏ជំរុញឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្តនីមួយៗអាចបង្កើតជាគ្រុប តេលេក្រាម ដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មានលឿន រហ័សទាន់ចិត្ត និងមានប្រសិទ្ធភាព ជាពិសេសដើម្បីលុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយផ្សេងៗឲ្យទាន់ពេលវេលា។ 

 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងកិច្ចគាំពារដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ការ ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ និងរងហានិភ័យនានាផងដែរដើម្បីជួយដល់ប្រជាពលដ្ឋ ដែលមកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ១ ពាន់លានដុល្លាររួចទៅហើយដែរ។

 

 មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងផែនការសកម្មភាពការងារនៃឆ្នាំបន្ទាប់។

 

 បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដល់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃមួយចំនួន ដែលមានស្នាដៃល្អក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងការងារបម្រើប្រជាជននាពេលកន្លងមក ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕ 

 

 






 

Previous Post Next Post