Wednesday, March 30, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


កំពត៖ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។ 

 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក។ 

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ បើគ្មានសន្តិភាព គ្មានឱកាសមកជួបជុំគ្នាកសាងកំពង់ផែ គ្មានឱកាសជួបជុំគ្នាកសាងផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត មានសន្តិភាពមានអ្វីទាំងអស់។

 

 ដូច្នេះដើម្បីអភិវឌ្ឍប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែមានការរីកចម្រើន យើងត្រូវចូលរួមទាំងអស់គ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សដើម្បីរាជរដ្ឋាភិបាលអាចបន្តការកសាងប្រទេសជាតិមាតុភូមិ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋថែមទៀត។ 

 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសយើងនឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ កម្រិតជីភាពរបស់បងប្អូនប្រជាពលរដ្ឋយើងសម្បូរណ៍សប្បាយជាងមុន ល្អជាងមុន និងមានការអភិវឌ្ឍជាងមុន និងឈានឡើងជាលំដាប់ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ថែមទៀត។ 

 

សូមជម្រាបជូនថា៖ កំពង់ផែនេះមានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី៣០០ ទៅ៤០០នាក់ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់ សម្រេចបាន៩៣,៤១ %ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ 

 

 ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាមចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។

 

 ជាងនេះទៅទៀត កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

 

កំពង់ផែនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។ ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

 

 បន្ថែមពីលើនេះ កំពង់ផែនេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេស ចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភព លោក។

 

 តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ៕








 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136