រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។ ឯកឧត្តម ស៊ុន ចាន់ថុលបានអោយដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) មានទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។ ឯកឧត្តម វ៉ាង វិនធាន បានថ្លែងនូវការអបអរអរសាទរចំពោះសមិទ្ធផលនៃកំណាត់ផ្លូវជាតិលេខ៧នេះ។ ឯកឧត្តមបន្តថា គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ប្រើរយៈពេលសាងសង់ចំនួន ២៤ខែ។ សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបាន អញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៧នាពេលនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ គឺមិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ សម្តេចតេជោ នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ១៩៩៨។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ។ សម្តេចបន្តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅខែអំឡុងមីនា ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅភ្នំពេញ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អបអរសាទរចំពោះក្មួយៗ ចៅៗសិស្សនិន្ទេស A ទាំងអស់ ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលឆ្នាំនេះ មានសិស្សនិន្ទេស A ជាងជិត២ពាន់នាក់។ សម្តេចថ្លែងថា ទោះបីជាមានការសិក្សាតាមប្រព័ន្ធអនឡាញយ៉ាងណាក៏ដោយក៏ក្មួយៗ ចៅៗ បានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អជាច្រើននាក់។ សម្តេចបានថ្លែងទៀតថា នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ សម្តេចនឹងជួបជាមួយក្មួយៗ ចៅៗ សិស្សនិន្ទេស A ជាង១ពាន់នាក់នៅភ្នំពេញ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ ចៅៗទាំងអស់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តស្នើមិត្តចិនជួយសាងសង់ផ្លូវតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់អូរគ្រៀង ទៅព្រំដែនកម្ពុជា-ឡាវ ជាបន្តទៀត ផងដែរ។ ទាក់ទងទៅនឹងការនាំចេញផលិតផលកម្ពុជាទៅទៅផ្សារចិន សម្តេចតេជោបានថ្លែងថា ចិន បានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យលើត្រីប្រា និងផ្លែមៀនប៉ៃលិនរបស់កម្ពុជា ដែលត្រូវនាំចេញទៅកាន់ទិីផ្សាររបស់ប្រទេសចិន ដែលជាការបើកទីផ្សារកាន់តែធំមួយនាពេលខាងមុខនេះ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ ។ ហើយទាក់ទងទៅនឹងបញ្ហានៃជំងឺ Covid-19 នោះ សម្តេចតេជោបានថ្លែងថា រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ តែត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងបន្តចាក់វ៉ាក់សាំងដូសជំរុញបន្តទៀត។ សម្ដេចតេជោក៏បានអបអរសាទរចំពោះសមិទ្ធផលកំណាត់ផ្លូវជាតិលេខ ៧នាថ្ងៃនេះ និងអរគុណចំពោះមិត្តចិនដែលតែងតែជួយកម្ពុជាជាបន្តបន្ទាប់ និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងនៅទូទាំងប្រទេសជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន។ មុននឹងបញ្ចប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាន វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង៩៣.៥៦គីឡូម៉ែត្រ ចាប់ពីពេលនេះតទៅ៕
Previous Post Next Post