Monday, January 17, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ




វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ 

ជាមួយគ្នានេះ នៅវេលាម៉ោង៨ៈ២០ នាទីយប់ ថ្ងៃទី១៦ ខែមករា  ឆ្នាំ២០២២ នេះដែរ គណៈប្រតិភូដែលនឹងត្រូវចូលរួមក្នងវេទិកាទេសចរណ៍អាស៊ាន ATF 2022 ចំនួន ៣ប្រទេស ក្នុងនោះមាន សាំងហ្គាពួរ  ម៉ាឡេសុី និងឥណ្ឌូណេស៊ី  បានមកដល់ព្រលាន យន្តហោះ អន្តរជាតិខេត្តព្រះសីហនុ ដោយសុវត្ថិភាព  និងមានគណៈប្រតិភូនៃប្រទេសដទៃទៀតដែលនឹងត្រូវចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ATF 2022 នឹងមកដល់ជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្តនេះ។ 

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ការងាររៀបចំព្រឹតិ្តការណ៍ទាំងមូល បានសម្រេចរួចរាល់តាមការគ្រោងទុក ដោយមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច  ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើកកម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២នាក់ មកពីប្រទេសចំនួន២៧។ 

ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន -ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ច  ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រម ទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះ ជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។ 

សូមបញ្ជាក់ថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។




សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136