រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

យន្តហោះពិសេសដឹកព្រះសពសម្តេចក្រុមព្រះ ពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជាហើយ..

.

ភ្នំពេញ÷យន្តហោះពិសេសដឹកព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង១១ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។ 

ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។

ពិធីទទួលព្រះសពមាននិមន្តបង្សុកូលដោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី, សម្តេចព្រះសង្ឃ និងព្រះសង្ឃប្រមាណ ៥អង្គ ហើយក៏មានការយាងទទួលដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បង សម្តេចចៅហ្វាវាំង គង់ សំអុល ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំងព្រមទាំងព្រះបុត្រា ព្រះបុត្រី ព្រះញាតិវង្សានុវង្សជាច្រើនអង្គផ្សេងទៀត។

សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ 

ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។ 

សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ អ្នកអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស។

សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕




Previous Post Next Post